ពិតទេ កម្ពុជាគ្រោងសាងសង់អគារកម្ពស់600ម៉ែត្រមួយទៀត ?
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មានលេចឮថា កម្ពុជាគ្រោងសាងសង់អគារមួយដែលមានកម្ពស់៦០០ម៉ែត្រ ខណៈគម្រោងអគារពាណិជ្ជកម្មកម្ពស់៥៥០ម៉ែត្រមានទីតាំងនៅអតីតមណ្ឌលកម្សាន្ដឌ្រីមលែន ត្រូវបានពន្យារពេល ។ បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គម្រោងអគារកម្ពស់កប់ពពកថ្មីមួយនេះកំពុងផ្តួចផ្តើមសាងសង់ក្នុងទីក្រុងនាគរាជសម្តេចតេជោ ស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ។ លោកសាស្ត្រាចារ្យ ភឿង សុភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលជាស្ថាបត្យករផ្តួចផ្តើមរៀបចំគម្រោងទីក្រុងនាគរាជសម្តេចតេជោ បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ៖« តាមផែនការមេនៃទីក្រុងនាគរាជសម្តេចតេជោ យើងគ្រោងនឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់៦០០ម៉ែត្រមួយ សម្រាប់ប្រើប្រាស់ជាការិយាល័យកណ្តាលរបស់សម្តេចតេជោ ដែលលោកអាចត្រួតពិនិត្យមើលស្ថានភាព និងការអភិវឌ្ឍប្រទេសចេញពីអគារនេះបាន ព្រោះកម្ពស់៦០០ម៉ែត្រ គឺអាចមើលឃើញទូទាំងប្រទេសហើយ » ។ លោកបន្តថា ៖« អគារនេះនឹងសាងសង់នៅកណ្តាលទីក្រុងនេះ ពេលមានថវិកាគ្រប់គ្រាន់សម្រាប់រៀបចំ ហើយបច្ចុប្បន្ន មានក្រុមហ៊ុនចិនមួយចំនួនកំពុងចាប់អារម្មណ៍ចូលរួមវិនិយោគក្នុងគម្រោងនេះហើយ » ។ លោកបន្ថែមថា ៖« ការសាងសង់ទីក្រុងនេះ ដើម្បីរំឭក និងដឹងគុណសម្តេចតេជោ ក៏ដូចជាបន្សល់ទុកមរតកសម្រាប់មនុស្សជំនាន់ក្រោយ ព្រោះរយៈពេល៥៨០ឆ្នាំហើយ យើងមិនដែលបានសាងសង់ទីក្រុងថ្មីទេ » ។
Comments
Post a Comment