កីឡាករអុំទូក៖ មួយឆ្នាំជួបគ្នាម្ដង ទោះឈ្នះឬចាញ់ទុកជាការកម្សាន្ត
ថ្ងៃព្រហស្បតិ៍ទី២ ខែវិច្ឆិកា នេះគឺជាថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ដែលកីឡាករអុំទូកបានជម្រុះពីបណ្ដាខេត្ត ឡើងមកប្រណាំងប្រកួតនៅរាជធានីភ្នំពេញ ក្នុងនោះមានកីឡាកររហូត១៤ ៤៣៥ នាក់បានមកស្នាក់ជួបជុំគ្នារយៈពេលបីថ្ងៃនៃពិធីបុណ្យ ខណៈរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំកន្លែងស្នាក់នៅដល់កីឡាករយ៉ាងកក់ក្ដៅផងដែរ។
លោក យន់ អ៊ិត កីឡាករអុំទូកម្នាក់ បានប្រាប់ថា លោកចូលរួមការប្រកួតអុំទូកនេះតាំងពីយូរណាស់មកហើយ ដោយទូកលោកមានឈ្មោះថា ដង្កោសែនជ័យបារមីម៉ឺនត្រា ធ្លាប់ទទួលបានជ័យជំនះដល់ទៅចំនួន៤លើកជាប់គ្នា។
លោកថា សម្រាប់ឆ្នាំនេះ ការប្រកួតពិបាកយកឈ្នះបន្តិច ព្រោះតែផ្ទៃទឹកឆ្នាំនេះអំណោយផល ហើយជើងខ្លាំងពីខេត្តដទៃក៏ច្រើនដែរ។ ទោះជាលទ្ធផលចាញ់ឬឈ្នះក៏ដោយ លោក យន់ អ៊ិត ក៏ចាត់ទុកការប្រណាំងនេះជាការកម្សាន្ត ផ្ទុយទៅវិញ លោកថែមទាំងបានស្គាល់ និងរាប់អានកីឡាករពីបណ្ដាខេត្តដទៃទៀត។ ខាងក្រោមនេះ ជាកន្លែងស្នាក់នៅរបស់បងប្អូនកីឡាករនៅខាងជើងស្ពានជ្រោយចង្វារ
Comments
Post a Comment