ស្ត្រីចំណាស់ម្នាក់ ព្យួរផ្លាក "ស្វែងរកមិត្តប្រុស" នៅមុខផ្ទះ បន្ទាប់ពីលែងលះជាមួយប្ដីជាតិអាល្លឺម៉ង់
នៅភាគឦសានខេត្ត Ubon Ratchathani ស្ត្រីមេម៉ាយជនជាតិថៃវ័យ ៦៥ឆ្នាំម្នាក់ បានព្យួរផ្លាក "ស្វែងរកមិត្តប្រុស" នៅមុខផ្ទះខ្លួន បន្ទាប់ពីលែងលះដាច់ស្រេចជាមួយប្ដីជនជាតិអាល្លឺម៉ង់។ ស្ត្រីឈ្មោះ Sompong Chomphuprapet កំពុងធ្វើឲ្យកក្រើកពេញសារព័ត៌មានថៃក្នុងថ្ងៃនេះ បន្ទាប់ពី បានដាក់តាំងផ្លាកនៅមុខផ្ទះរបស់ខ្លួន។ ក្នុងផ្លាកនោះ បានសរសេរថា៖ "ស្ត្រីអាយុ ៦៥ឆ្នាំម្នាក់ កំពុងស្វែងរកមិត្តប្រុស ដែលជាពោះម៉ាយមានអាយុចន្លោះពី ៦០ ដល់៧០ ឆ្នាំ ហើយមានប្រាក់ខែចូលនិវត្តន៍។ ខ្ញុំចិត្តល្អ ស្មោះត្រង់ និងមានសុខភាពមាំមួន។ បើសិនជាអ្នកចាប់អារម្មណ៍ សុំទាក់ទងនៅទីនេះ"។
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ស្ត្រីមេម៉ាយ Sompong បានថ្លែងថា៖ "ខ្ញុំចង់បានបុរសល្អម្នាក់។ រស់នៅម្នាក់ឯងឯកោ និងក្រៀមក្រំណាស់"។ ស្ត្រីរូបនេះបានបន្តទៀតថា៖ "ខ្ញុំចង់បានមន្ត្រីរាជការចូលនិវត្តន៍ម្នាក់ដែលមានប្រាក់ខែ។ ខ្ញុំចង់បានស្នេហាពិត។ ខ្ញុំចង់បានស្នេហាមួយដ៏ពិតប្រាកដ ហើយអាចរស់នៅជាមួយគ្នា រហូតមានតែសេចក្ដីស្លាប់ទើបអាចបំបែកយើងបាន"។ Sompong បានបន្ថែមទៀតថា៖ "បើសិនជាមាននរណាចាប់អារម្មណ៍មកទាក់ទងខ្ញុំ ខ្ញុំនឹងពិចារណា និងវាយតម្លៃថា តើគេនោះស្ថិតក្នុងប្រភេទបុរសដែលខ្ញុំចង់បានឬអត់"។ ស្នេហារបស់ Sompong ក្នុងជីវិតនេះ ហាក់មិនភាពគាប់ប្រសើរសោះឡើយ ដោយលោកស្រី បានរៀបការរហូតដល់ទៅពីរលើក។ លើកទីមួយ Sompong បានការជាមួយបុរសថៃម្នាក់ ប៉ុន្តែនៅជាមួយគ្នាយូរទៅ ប្ដីទីមួយរបស់ខ្លួន ក្លាយជាមនុស្សប្រមឹក ហើយមិនយូរប៉ុន្មានក៏លែងលះគ្នាទៅ។ ចំណែកលើកទីពីរវិញបានប្ដីមួយទៀតជាជនជាតិអាល្លឺម៉ង់ហើយរស់នៅជាមួយគ្នាបានចំនួន ១៣ឆ្នាំរួចក៏លែងគ្នា។ មកទល់ពេលនេះ មានបុរសពីរនាក់ ហើយដែលទាក់ទងនឹង Sompong ប៉ុន្តែត្រូវបានបដិសេធទាំងពីរនាក់ ដោយបុរសទី១ មិនមានប្រាក់ខែនិវត្តន៍ ខណៈបុរសទី២ជាគ្រូបង្រៀនសាលារដ្ឋ តែមានប្រាក់ចូលនិវត្តន៍តិចមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការរស់នៅជាមួយគ្នា៕
Comments
Post a Comment